ភ្នំពេញ៖សម្ដេចស ខេង បានមានប្រសាសន៍ថា សម្ដេចតែងតែអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយ។ សម្ដេចថា ពេលនេះមានការដោះលែង អ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចារបន្តក្រោមការសម្របសម្រួល ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃអង្គារ នេះ ក្នុងឱកាស អនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដោយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានផ្ដោតលើករណីវិវាទរវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមីនាម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃនេះ៕SRP