អភិបាលខេត្តកំពង់ចាម​៖ មានតែការចាក់វ៉ាក់សាំងទេ អាចការពារអាយុជីវិតយេីងបាន

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដាអភិបាលខេត្តកំពង់ចាម​ បានថ្លែងថាមានតែការចាក់វ៉ាក់សាំងទេ ទើបអាចការពារអាយុជីវិតយេីង ឲ្យរួចផុតពីសេចក្តីស្លាប់​បាន។ លោកមានប្រសាសន៍ថា ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​ គឺ​មាន​ការ​ផ្ទុះឡេីងនូវ​រលក​ថ្មី​ នៃវីរុស​ប្រភេទ​អូមេក្រុង​ ដែលឆ្លង​ខ្លាំង​ ប៉ុន្តែ​ពុំមាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ ព្រោះ​ប្រជាពលរដ្ឋ​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​-១៩​ ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ ឬ​ដូស​ជម្រុញ​គ្រប់​ចំនួន​​ទេនោះ សូម​អញ្ជើញ​មក​ទទួល​ឲ្យ​បាន​គ្រប់ៗគ្នា​​។

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ ខេត្តកំពង់ចាម​ ចុះពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ជូនប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ចន្ទនេះ។

លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ ចំនួន​៣៧នាក់​ ដោយ​មាន​ការ​គាំទ្រ​ពី​លោក​ ​ហ៊ុន​ ម៉ានិត​​ ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​ ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ ប្រមាណ​ជា​៤០០នាក់​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ ការ​ចំណាយ​របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​លេីកឡេីង​ថា​ យេីង​បាន​ជម្រុញ​ការ​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​បឹងកុក​ ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ និង​ប្រព័ន្ធ​លូ​ ​នៅ​ភូមិ​បឹងកុក​២​ ព្រមទាំង​​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ជាច្រើន​កំណាត់​នៅ​ភូមិ​ថ្មគោល​ និង​ភូមិ​ឡឥដ្ឋ​ ​ស្រប​គ្នា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ ប្រពៃណី​ជាតិ​ កាន់តែ​ខិត​មក​ជិត​ ដែលជា​ការ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​នៅ​មុខ​ផ្ទះ​ក៏​បាន​ ​ឬ​ធ្វើ​ដំណើរ​អញ្ជេីញ​ទៅ​វត្ត​ ក៏ស្រួល​ ព្រោះ​ផ្លូវ​បាន​ធ្វើ​ស្អាត​អស់​ហើយ​៕​SRP