ផ្ទុះកាំភ្លើងកែច្នៃ ត្រូវចំដើមទ្រូង បណ្តាលឲ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ដោយសារ រាលកៃផ្ទុះកាំភ្លើងកែច្នៃត្រូវចំដើមទ្រូង។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង៣០ នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច អាង១០០ភ្នំចង្ក្រានរយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះ បឿន វ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាតាមការឆ្លើយបំភ្លឺ ពីឈ្មោះ ណែម ស៊ី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិលាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ បានឆ្លើយថា ព្រឹក ខណ:ខ្លួននៅអង្គុយលេងនៅផ្ទះ មានឈ្មោះបឿន វ៉ុន (ជនរងគ្រោះ)បានមកបបួលខ្លួន និងឈ្មោះ អឿម អិត ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នា ដើម្បីទៅយកឃ្មុំនៅទីតាំងកន្លែងកើតហេតុ ដោយជិះម៉ូតូចំនួន២គ្រឿង ចេញទៅ ហើយយកម៉ូតូទៅផ្ញើរទុកនៅជើងភ្នំអំពិល ផ្ទះរបស់ឈ្មោះ ញ៉ ភេទប្រុស ហើយធ្វើការផឹកស៊ីនៅទីនោះ រហូតដល់ម៉ង១៦.០០នាទី ទើបបន្តដំណើរឡើងភ្នំបន្ត ដើរបានប្រហែល៥០០ម៉ែត្រ ឈ្មោះ បឿន វ៉ុន (ជនរងគ្រោះ) ចូលយកកាំភ្លើងកែច្នៃលាក់ទុកនៅទីនោះ រួចបន្តដំណើរបន្ត បានមួយសន្ទុះក៏បានបាញ់បានមាន់ព្រៃ១ ហើយបន្តដំណើរទៅមុខទៀត ក៏បានឃើញ ម្ជូរទ្រមូង ក៏បានប្រាប់អោយជនរងគ្រោះបេះ។ ចំណែកខ្លួនធ្វើដំណើរបន្ត បានប្រហែល៣០ម៉ែត្រក៏បានឮសំឡេងផ្ទុះហើយជនរងគ្រោះស្រែកអោយជួយ និងបានប្រាប់អោយជួយដកឆ្នុកចេញពីដើមទ្រូងអោយផង ភ្លាមនោះក៏បាត់សំឡេងនិងលេងកំរើកស្លាប់បាត់ទៅហើយ ទើបពួកខ្ញុំនាំគ្នាត្រឡប់មកភូមិវិញដើម្បីមកប្រាប់បងប្អូនទៅយកសាកសព។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ជនរងគ្រោះ ជូនគ្រួសារដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។ ចំណែក ឈ្មោះណែម ស៊ី និងឈ្មោះ អឿន អិត បានឃាត់ខ្លួនដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្ត៕SRP