ភ្នំពេញ៖លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ពាក់ព័ន្ធនឹងទៅនឹងការថ្កោលទោស របស់សមាគមសារព័ត៌មានខេមបូចា បានចោទប្រកាន់ថា អ្នកសារព័ត៌មានVOD ២រូប ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឲ្យថតរូប និងបង្ខំឲ្យលុបរូបភាព ក្នុងកំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍ ជារឿងមិនពិតដូចការចោទប្រកាន់នោះទេ។
លោក មាស សុភ័ណ្ឌ បានថ្លែងបន្តថា បេីតាមការរាយការណ៍ របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយបានបញ្ជាក់ជាមួយលោកស្នងការរងទទួលបន្ទុកកិច្ចការ នៅទីតាំងនោះបានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួននៅទីតាំងនោះ អ្នកការសែតនោះ បានចូលទៅក្នុងក្រុមបាតុករ ហេីយសមត្ថកិច្ចស្មានថា ពួកគាត់ជាក្រុមបាតុករ ដែលសមត្ថកិច្ចតម្រូវអោយឡេីងរថយន្ត ដេីម្បីទៅធ្វេីចត្តាឡីស័ក ប៉ុន្តែនៅពេលលោកស្នងការរងចុះទៅពិនិត្យ និងសួរនាំទេីបដឹងថា ជាអ្នកសារព័ត៌មាន ហេីយក៏មិនបានតម្រូវអោយឡេីងរថយន្តដេីម្បីធ្វេីចត្តាឡីស័កនោះទេ។ សមត្ថកិច្ចពុំបានគំរាមកំហែង អោយលុបរូបភាពនោះដែរ។ កាលដែលអ្នកកាសែតនោះ លេីកឡេីងថាសមត្ថកិច្ចគំរាមកំហែង អោយលុបរូបភាពនោះ វាជារឿងមិនពិតនោះទេ នេះជាការចោទប្រកាន់របស់ពួកគាត់មកលេីសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះសមត្ថកិច្ច មិនបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលេីនេះនោះទេ ហេីយករណីនេះក៏មិនអាចចោទប្រកាន់សមត្ថកិច្ចថា បានគំរាមកំហែង ឬធ្វេីទុក្ខបុកម្នេញដល់អ្នកកាសែតនោះដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាព និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវបានធានាការពារដោយច្បាប់ នឹងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ដូច្នេះលោកសូមលេីកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅកម្ពុជា សូមប្រេីសិទ្ធិនេះអោយបានត្រឹមត្រូវតាមច្បាប់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងគោរពអោយបានជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងមិនគួរគប្បីប្រេីប្រាស់សិទ្ធិនេះ ទៅបំពានដល់សិទ្ធិ និងតួនាទីភារកិច្ចរបស់អ្នកដទៃនោះឡេីយ និងក៏សូមអំពាវនាវផងដែរ សូមអោយអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហការល្អ និងឈរលេីស្មារតីខ្ពស់ក្នុងការ គោរពសិទ្ធិគ្នាទៅវិញទៅមក៕SRP