ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាគ្រូពេទ្យមានជំនាញបទពិសោធន៍ច្បាស់លាស់ ទទួលបានការសិក្សានៅឯបរទេស ហើយបានលះបង់ពេលវេលា ចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនគិតពីការនឿយហត់ កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការពិនិត្យព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ការថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ជាង៣០០នាក់ ចុះពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាង១០០០នាក់ នៅវិទ្យាល័យ ព្រែកដំបូក ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅអាទិត្យនេះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា បេីទោះបីជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព របស់រដ្ឋមាននៅគ្រប់មូលដ្ឋាន ប៉ុន្តែការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅតែមិនទាន់តាមតម្រូវការនៅឡើយទេ ដូច្នេះទើបមានការស្នើសុំទៅលោក ហ៊ុន ម៉ានី បុត្រា សម្តេចតេជោ ហ៊ុន សែន ដេីម្បីបញ្ជួនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាននាឱកាសនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ជីវភាពក្នុងគ្រួសារពុកម៉ែបងប្អូន ដោយមិនត្រូវចំណាយពេលវេលា និងថវិកាទៅពិនិត្យ និងព្យាបាលជម្ងឺ នៅឯទីឆ្ងាយៗ នោះឡើយ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មី ជាពិសេសប្រភេទអូមីក្រុង គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ព្រមជាមួយការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ ឲ្យបានគ្រប់ៗគ្នាផងដែរ៕SRP