មិនមានករណី បូមយកឈាម​ និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ​ ដូចការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ

ខេត្តព្រះសីហនុ៖ស្នងការនគរបាលខេត្តព្រះសីហនុ​ លោកជួន​ ណារិន​ បានធ្វេីការបដិសេធថា​ មិនមានករណីបូមយកឈាម​ និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ​ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ ហេីយនេះ​ គឺជាព័ត៌មានប្រឌិតធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។

លោកជួន​ ណារិន​ បានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅថ្ងៃទី១៣​ ខែមីនានេះថា​ ” មិនមានករណីវះឬបូមឈាមទេ​ !​ ពេលនេះទើបដឹងថា​ បុគ្កលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា​ ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។

ពាក់ព័ន្ធទៅការបីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានចេញសេចក្តីបំភ្លឺផងដែរនៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី បានបញ្ជាក់ថាពាក់ព័ន្ឋនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ខ្ញុំសូមធ្វើការបំភ្លឺដូចខាងក្រោម:

១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាស បដិសេធ រួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ ។

២. ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។ ស្ថានទូតកំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត៕SRP