ខេត្តកំពត៖ស្នងការប៉ូលិសខេត្តកំពតបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៩ នាក់ត្រូវបានចាប់ខ្លួនករណីចាប់សត្វឆ្កែ យកទៅសម្លាប់ដើម្បីធ្វើម្ហូប។ ការចាប់ខ្លួនមនុស្សទាំង ៩នាក់ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោយចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី។
ស្នងការនគរបាលខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាលឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើទសត្វឆ្កែជាទីស្រឡាញ់របស់គាត់ត្រូវបានក្រុមកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។
សូមជម្រាបថារឿងរ៉ាវមួយនេះ បានធ្វើឲ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។ បញ្ជាក់ករណីនេះ កើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត៕SRP