អភិបាលខេត្ត ស្នើឱ្យពលរដ្ឋ កុំចាញ់ល្បិចបោកប្រាស់ជនអគតិ ដែលតែងតែបង្កភាពវឹកវរ ដល់សង្គមជាតិ

ខេត្តកំពង់ចាម៖ថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងឱកាស អញ្ជើញ ក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ នៅថ្ងៃសៅរ៍នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់កលល្បិចភូតកុហកបោកប្រាស់ ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលតែងតែបង្កភាពវឹកវរដល់សង្គមជាតិ។

លោកក៏បានស្នើឲ្យបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។ ហើយយើងទាំងអស់គ្នាសូមចូលគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

អភិបាលខេត្ត ក៏បានសម្តែងអារម្មណ៍អបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ក៏ដូចជាខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង ក្រោមការដឹកនាំនាំដ៏ភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP