ខេត្តសៀមរាប៖បើគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ដែលបានទទួលស្គាល់កំហុស និងយល់ព្រម ប្រគល់ដីព្រៃលិចទឹកតំបន់៣ ជូនរដ្ឋវិញ១,៤៤៧គ្រួសារ ស្មើនឹងទំហំផ្ទៃដី ជាង៣ពាន់ហិកតា។
ថ្លែងក្នុងពិធីប្រកាសអភិបាលរងខេត្តសៀមរាបនៅព្រឹកមិញនេះ លោក ទៀ សីហា បានបញ្ជាក់ថា៖ ផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិច ទឹកតំបន់៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្តបានដឹកនាំក្រុមការងារចម្រុះ ចុះអនុវត្តការងារជាប្រចាំ ដោយទទួលបានលទ្ធផលការងារដូចខាងក្រោម៖
– បានរៀបចំទិន្នន័យ និងព័ត៌មានជាប្រចាំ ពីការទន្ទ្រានដីព្រៃលិចទឹក និងបានចាត់ក្រុមការងារចុះបំពេញទិន្នន័យ ព័ត៌មាន និងបានរៀបចំក្រុមការងារបច្ចេកទេសចុះវាស់វែងដោយបែងចែកជា ០៦ក្រុម ដើម្បីចុះទៅតាមបណ្តាក្រុង-ស្រុក ពិនិត្យ និងកំណត់វាស់វែងបង្គោលព្រំនៅសល់ បាត់បង់ និងការរំកិលបង្គោល។
លោក ទៀ សីហា បន្តថា៖គិតត្រឹមខែមីនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ដែលបានទទួលស្គាល់កំហុស និងយល់ព្រម ប្រគល់ដីព្រៃលិចទឹកតំបន់៣ជូនរដ្ឋវិញ១,៤៤៧គ្រួសារ ស្មើនឹងទំហំផ្ទៃដី ៣.២៤១,៩០០៩(បីពាន់ពីររយសែសិបមួយហិកតា និង៩០០៩ម៉ែត្រការ៉េ)។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមការងារចម្រុះបានចុះត្រួតពិនិត្យ ព្រៃលិចទឹកតំបន់៣ ក្នុងក្រុងស្រុកចំនួន៦ ដែលជាប់បឹងទន្លេសាបរួចមក ក្រុមការងារក៏បានធ្វើការដាំដុះឡើងវិញនូវគ្រាប់ត្នោត បានចំនួន ៥៩.១៩១(ប្រាំម៉ឺនប្រាំបួនពាន់មួយរយកៅសិបមួយ)គ្រាប់ កូនត្នោត១០ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ២៣៥០ ដើម, ដើមឫស្សីផ្ទោល ២០០ដើម, ដើមរំដេញ ៤៥០ដើម, ដើមសណ្តាន់ ១.៥៥០ដើម, ដើមត្រល់ត្រល់ ១០០ដើម និង ដើមកន្សែង ២០០ដើម៕SRP