សមិទ្ធិផលផ្លូវនៅក្រុងសៀមរាប គ្រោងសម្ពោធ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចហ៊ុន សែន

សមិទ្ធិផលផ្លូវនៅក្រុងសៀមរាប គ្រោងសម្ពោធ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចហ៊ុន សែន

ខេត្តសៀមរាប៖សមិទ្ធិផលផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានសាងសង់រួចជាស្ថាពរគ្រោងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចហ៊ុន សែន។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងអភិបាលខេត្តសៀមរាប នៅថ្ងៃសុក្រនេះ លោក ទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេល ជិត២ឆ្នាំ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺនេះ បានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត យ៉ាងច្រើនកុះករនោះ បែរជាមានសភាពស្ងប់ស្ងាត់ទៅវិញ។

បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋា-ភិបាលបាន និងកំពុងជំរុញ និងយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាសក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% គឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកបន្តថាស្របពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ មានសភាពស្ងប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកប្រទេសឡើងវិញ នាចុងឆ្នាំ២០២១កន្លងទៅ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ វិលទៅរកប្រក្រតីភាពឡើងវិញ។ ដោយឡែកខេត្តសៀមរាប បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកទស្សនាប្រកបដោយភាពជឿទុកចិត្ត នូវរាល់វិធានការ ដែលរដ្ឋបាលខេត្តបានចាត់ចែងបង្ការ ការរីករាលដាល នៃជំងឺកូវីដ-១៩ ការពង្រឹងនូវសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ ជាក់ស្តែងតាមរយៈនៃការរៀបចំពិធីបុណ្យឆ្លង ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២១-២០២២កន្លងទៅ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប ប្រមាណ២០ម៉ឺននាក់ផងដែរ។ ម្យ៉ាងវិញទៀតក្រុងសៀមរាប ដោយទទួលបានការគាំទ្រ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ក្នុងការរៀបចំក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ស្របតាមផែនការមេចង្អុលផ្លូវទីក្រុងឆ្លាតវៃក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។

លោកបន្តទៀតថាក្រោយពីមានការស្ងប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ តែស្ថានភាពនៃការឆ្លងនូវវីរុសបំលែងថ្មី«អូមីក្រុង» នាពេលបច្ចុប្បន្ននេះ មានសន្ទុះកើនឡើង នៅកម្ពុជាគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យវិស័យផ្សេងៗ ពិសេសវិស័យទេសចរណ៍របស់ខេត្ត ដែលទើបនឹងងើបឡើង បានបន្តិច នឹងអាចធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ថែមទៀត។ បើទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការនានា ក្នុងការបង្ការ និងទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ លើវិធានការដែលមានស្រាប់ «៣កុំ និង៣ការពារ» ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP