លោកសុខ លូ ស្នើអូស្រ្ដាលី វិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្ម នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឲ្យកាន់តែច្រើន

លោកសុខ លូ ស្នើអូស្រ្ដាលី វិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្ម នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឲ្យកាន់តែច្រើន

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាល ខេត្តបាត់ដំបង បានលើកឡើងថាសព្វថ្ងៃនេះ មានបញ្ហាប្រឈមមួយចំនួន គឺនៅពេលប្រមូលផលដំណាំនានា ដែលខ្វះការកែច្នៃ ដូចនេះឯកឧត្តម បានស្នើដល់ស្ថានទូតអូស្រ្ដាលី ធ្វើការផ្សព្វផ្សាយដល់វិនិយោគិន ក្នុងប្រទេសអូស្រ្ដាលី ដើម្បីវិនិយោគផ្នែកកែច្នៃប្រភេទផ្លែឈើ ឬផលិតផលកសិកម្មនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឲ្យកាន់តែច្រើន ក្នុងន័យជួយដល់ប្រជាកសិករ ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានច្រើន និងជាពិសេសមានឱកាសក្នុងការនាំចេញផលិតផល កសិកម្មដែលបានកែច្នៃរួច ទៅក្រៅប្រទេស និងជួយបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ នៃប្រទេសអូស្ដ្រាលី ឲ្យមកទស្សនាខេត្តបាត់ដំបង ឲ្យកាន់តែច្រើនឡើង។

លោកបានមានប្រសាសន៍ ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដ្រាលី តាមរយៈស្ថានទូតអូស្រ្ដាលី ដែលបានជួយឧបត្ថម្ភគាំទ្រ មានដូចជាផ្នែកសុខាភិបាល ផ្នែកអប់រំ ផ្នែកកសិកម្ម និងពិសេសផ្នែកបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បើទោះបីជាការដោះស្រាយបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបាត់ដំបង មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែក៏បានជួយផ្ដល់ឱកាសដល់ប្រជាកសិករមួយចំនួនធំ អាចធ្វើការដាំដុះនៅលើដីរបស់ខ្លួនដែលបានបោសសំអាតមីនរួច ដោយសុវត្ថិភាព និងលែងភ័យខ្លាច។
លោកក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ដា្រលី ដែលបានផ្ដល់ជូនវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer មកកាន់ប្រទេសកម្ពុជា និងធុងត្រជាក់សម្រាប់ដាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីអាចធ្វើការដាក់វ៉ាក់សាំងកូវីដ-១៩ និងរក្សាទុកមិនឲ្យខូចគុណភាពវ៉ាក់សាំងផងដែរ។

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះនៅរសៀលថ្ងៃព្រហស្បតិ៍ នេះក្នុងឱកាសអនុញ្ញាតទទួលជួបសម្ដែងការគួរសម លោក Andreas Zurbrugg ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ដ្រាលី ប្រចាំប្រទេសកម្ពុជា នៅសាលប្រជុំB1 VIP ៕SRP