ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី បានថ្លែងថាជាលទ្ធផល នៃកិច្ចប្រជុំស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញ-ចូល មិនទាន់មានការសម្រេចថា បើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេ ពេលនេះរដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ រាយការណ៍ទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច។
លោកថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំគ្នា ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន ច្រកសម្រាប់ដឹកទំនិញចេញ-ចូលនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅស្នាក់ការច្រកទ្វារចក្រក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថាភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។ ចំណែកភាគីថៃដឹកនាំដោយ លោក បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះភាគីទាំងពីរ កម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការ កសាងអគារ ការិយាល័យរដ្ឋបាល ការងារនៃប្រទេសទាំងពីរ ទោះបីជាអគាររដ្ឋបាលកម្ពុជា សម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្ន សម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរផងដែរ៕SRP