សម្ដេចស ខេង បញ្ជាឱ្យទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក

សម្ដេចស ខេង បញ្ជាឱ្យទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក

ខេត្តបាត់ដំបង៖សម្ដេចស ខេង បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង យកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ទាំងលើគោកនិងក្នុងទឹក ពិសេសធនធាននៅបឹងទន្លេសាប។ សម្ដេចក៏បានស្នើក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់ការគាំទ្ររដ្ឋបាលខេត្ត ដោយសង្កត់ធ្ងន់ថា បើធ្វើមិនបានល្អទេ នឹងទទួលការរិះគន់ពីអ្នកជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់បំផ្លាញផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានចញ្ចើមផ្លូវសម្រាប់ថ្មើជើង រៀបចំកែលម្អរសួនច្បារលើទ្រូងផ្លូវឱ្យបានស្អាតដើម្បីលើកកម្ពស់សោភណ្ឌភាព។ សម្ដេចថាការងារនេះទាមទារការបំផុសចលនាចូលរួមពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទើបទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថាយ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍ នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង៕SRP