ខេត្តសៀមរាប៖សម្តេចទៀ បាញ់ បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួ នាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងនោះបានខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានដាបន្តបន្ទាប់។ ជាពិសេសការចូលរួម ទប់ ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ ដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត សៀមរាប ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណសម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញ លើគ្រប់វិស័យ ហើយក្រសួងស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលសន្និសិទ្ធសណ្ឋាគារសុខាសៀមរាប
នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក៏បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ចំណុច រួមមាន ១-ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ២-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៣-ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី ៤-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ៥-ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ៦-ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ៧-ការពង្រឹងការអនយវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និង៨-ការពង្រឹងរបៀបរបបការងារ។
បើតាមទៀ សីហា អភិបាលខេត្តបានលើកឡើងថាអាជ្ញាធរខេត្តសៀមរាប បានបន្តថាការដាក់ចេញគោលការណ៍ វិធានការនានា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង ឆ្លើយតបបានចំពោះ ជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសកល ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងការពុះពារជម្នះ ដោះស្រាយ បញ្ហាប្រឈមនានា បណ្ដាលមកពីវិបត្តិជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឲ្យដំណើរការឡើងវិញ ដោយពេញលេញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន ទៅមុខជាបន្តបន្ទាប់។
ក្នុងបរិបទនៃជំងឺកូវីដ អាជ្ញាធរបានបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំ រក្សាការពារ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរលំរាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានាដែលកើតឡើងក្នុងខេត្តផងដែរ៕SRP