សម្ដេចស ខេង៖ គ្រោះថ្នាក់ចរាចណ៍ ខែកម្ភ: ថយចុះ ប៉ុន្តែករណីស្លាប់ បានកើនឡើងធៀបឆ្នាំ២០២១

សម្ដេចស ខេង៖ គ្រោះថ្នាក់ចរាចណ៍ ខែកម្ភ: ថយចុះ ប៉ុន្តែករណីស្លាប់ បានកើនឡើងធៀបឆ្នាំ២០២១

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។

យោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។

ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។

ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។

សម្តេចស ខេង បានបន្តថា ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។

ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យា
ស្រ័យដើម្បីការពារសេចក្ដីសុខខ្លួន យើង អ្នកដទៃ និងរួមចំណែក និងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋយើង ។

ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ខ្ញុំក៏សូមឲ្យស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក របស់ សម្តេចតេជោ ហ៊ុន សែន និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺ៖

– ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍

– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប

– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់

– បើស្រវឹង សូមកុំបើកបរ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ

– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ

– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព