រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់អាជ្ញាធរឲ្យការពារធនធានធម្មជាតិ ព្រៃឈើ និងដោះបញ្ហាដីធ្លី ជូនពលរដ្ឋឱ្យបានលឿន

រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់អាជ្ញាធរឲ្យការពារធនធានធម្មជាតិ ព្រៃឈើ និងដោះបញ្ហាដីធ្លី ជូនពលរដ្ឋឱ្យបានលឿន

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់អាជ្ញាធរខេត្តសៀមរាប ឲ្យធ្វើការគ្រប់គ្រង តំបន់អភិរក្សធនធានធម្មជាតិ និងព្រៃឈើ និងដោះបញ្ហាដីធ្លី ជូនពលរដ្ឋឱ្យបានលឿន។

សម្តេចទៀ បាញ់ បានបន្តថាដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តការងារនេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវ គោលការណ៍ វិធានការសំខាន់ៗ ដែលដាក់ចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធដូចជាត្រូវសហការពន្លឿនការដោះស្រាយ ដោយយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លី ដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយនៅលើ ទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងតម្របព្រៃនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាព ដើម្បីស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលក្នុងការកាត់ឆ្កៀល និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។

សម្តេចបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងដី រដ្ឋថ្នាក់ខេត្ត សម្តេចបានជំរុញឱ្យរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ សហការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ និងដីគម្របព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិនានា ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ។ ហើយនៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះនិងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមាននិន្នាការរុករានទន្ទ្រាន កាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។ ជាមួយគ្នានេះ ត្រូវណែនាំដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សព្វផ្សាយ ឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួក គាត់ចូលរួមសហការក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិឱ្យបានគង់វង្ស ជាពិសេស គឺព្រៃឈើនៅតំបន់ភ្នំគូលែន ត្រូវតែការពារឱ្យបានព្រោះវាជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសៀមរាប។

សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២២៕SRP