ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលស្រុកសូនិគមធ្វើការឃាត់ខ្លួនករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា។
ប៉ូលិសស្រុកសូទ្រនិគម បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប៉ាវ សាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ ទីកន្លែងកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ ធឿន វ៉ាន ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២:០០នាទី នៅចំណុចលើផ្លូវក្រួសក្រហម ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប៉ូលិសស្រុកសូនិគមបានបន្តថា យោងតាមការបំភ្លឺរបស់សាក្សី ដែលឃើញហេតុការណ៍ជាក់ស្ដែង បានប្រាប់យើងអោយដឹងថា៖
ខ្លួនកំពុងតែអង្គុយនៅលើផ្ទះ រៀបចំគេង ស្រាប់តែឮសំឡេង គេស្រែកហៅអោយជួយនៅមុខផ្ទះ រួចខ្លួនក៏ស្ទុះទៅមើល ក៏ឃើញជនរងគ្រោះដួលផ្កាប់មុខនឹងដី ហើយជនសង្ស័យកំពុងកាប់ពីលើចិញ្ច្រាំជាច្រើនកាំបិត។ ភ្លាមៗនោះ ខ្លួនក៏ជួយស្រែកហៅគេឯងអោយជួយ បន្តិចក្រោយមកក៏មានអ្នកជិតនិងកូនប្រុសរបស់ជនរងគ្រោះ មកជួយឃាត់បំបែក និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ចិញ្ច្រាំក្នុងគោលបំណងសម្លាប់ជនរងគ្រោះ ប្រាកដមែន ដោយសារខឹងជនរងគ្រោះចេះធ្មប់។ បញ្ជាក់៖ជនសង្ស័យជាប្រភេទមនុស្សញៀនស្រា ជួនកាលពេលស្រវឹងកាន់កាំបិត គំរាមប្រពន្ធកូន។ កន្លងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក ធ្លាប់យកមកសួរនាំ និងអបរ់ណែនាំផងដែរ។ ករណីនេះដកហូតវត្ថុតាង៖ កាំបិតតាំងតោដងដែក ប្រវែង ២៦សម។ សូមជម្រាបថា ក្រុមគ្រួសារបានយកជនរងគ្រោះ ទៅមណ្ឌលសុខភាពឃុំតាយ៉ែក តែដោយសារស្ថានភាព របួសធ្ងន់ពេក មណ្ឌលសុខភាព បានបញ្ជូនបន្តមកស្រុក និងទៅខេត្តបន្តទៀត៕SRP

