សម្ដេច ស ខេង៖ គណបក្សប្រជាជនកម្ពុជា សម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា

ខេត្តបាត់ដំបង៖ថ្លែងក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃសៅរ៍នេះ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានសង្កត់ធ្ងន់ថា គណបក្សកើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយ ដែលមានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយ មួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេ ក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេច មានប្រសាសន៍សង្កត់ធ្ងន់ថាស្នាដៃធំៗទាំងនោះរួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា សមិទ្ធផលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាសមិទ្ធផលកើតចេញពីកម្លាំងសាមគ្គីប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីជឿជាក់របស់សប្បុរសជនមកលើការដឹកនាំ គ្រប់គ្រងប្រទេសជាតិរបស់ គណបក្សប្រជាជនកម្ពុជា និងជំនឿទុកចិត្តមកលើ ក្រុមការងារគណបក្សខេត្តបាត់ដំបង និងស្រុកបវេល ក្នុងការគ្រប់គ្រង ចាត់ចែងធនធាននេះប្រកបដោយតម្លាភាព និងគុណភាព។

សម្ដេចមានប្រសាសន៍ បន្តថាការរម្លឹកដល់អតីតកាលដ៏ឈឺចាប់ខ្លោចផ្សាពីអតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នាជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់រហូតធ្វើឱ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារយើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា៕SRP