អភិបាលខេត្តកំពង់ចាម​៖ យេីង​ត្រូវ​រួបរួមគ្នា​ ថែរក្សា​ សុខសន្តិភាព​ ឲ្យនៅ​គង់វង្ស​

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានមានប្រសាសន៍ថា ដេីម្បី​ឲ្យ​មានការ​គោរព​​សិទ្ធិ​មនុស្ស​ ​យេីង​ត្រូវ​រួបរួមគ្នា​ថែរក្សា​សុខសន្តិភាព​ ឲ្យនៅ​គង់វង្ស​ ពីព្រោះថា​បើមាន​សង្គ្រាម​ យេីង​មិន​អាច​និយាយ​ពី​សិទ្ធិ​រស់រាន​មាន​ជីវិត​បាន​ទេ​។

លោកថ្លែង​នៅសាលាខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដាបានថ្លែងថា​ ការប្រារព្វពិធីអបអរសាទរ​​​ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” នៅព្រឹកមិញនេះ លោកថា នេះ​ពិតជាមាន​សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី ក្មេងស្រី និងការផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ​បាច់​បំផុត​ ដើម្បីធានាបាននូវដំណើរការសង្គម ប្រកបដោយសុខដុមរមនា។

លោកបាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយទៅជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឃន៍ជាតិ ឆ្នាំ២០១៩-២០២៣

លោក​ អ៊ុន​ ចាន់ដា​ បាន​លេីក​ឡើង​ថា​ ដោយស្របជាមួយចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញក្របខ័ណ្ឌ គោលនយោបាយជាតិ គាំពារសង្គមដែលបាន ផ្តល់នូវឧត្តមប្រយោជន៍​ជាច្រើន ជាពិសេសដល់កុមារ និងស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ ជរាគ្មានទីពឹង និងផ្តល់ការគាំពារថែទាំសុខភាពដល់ប្រជាជន ដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រដោយធានាបានថា «មិនទុកនរណាម្នាក់ឲ្យនៅឯកោ» និងធានាបានថា ស្រ្តី និងក្មេងស្រីកម្ពុជា គ្រប់រូបនឹងទទួលបានផលប្រយោជន៍ នៃកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ​៕SRP