ខេត្តសៀមរាប៖មានការលើកឡើងថាព្រៃឈើនៅក្នុងសហគមន៍បឹងពែរ ដែលគ្រប់គ្រងមើលការខុសត្រូវរបស់មន្ត្រីបរិស្ថានខេត្តសៀមរាបបានរងការកាប់បំផ្លាញយ៉ាងរង្គាល ដោយគ្មានការទប់ស្កាត់នៅឡើយ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ព្រៃសហគមន៍បឹងពែរ ស្រុកជីក្រែង ខេត្តសៀមរាប រងការកាប់យកឈើពីសំណាក់ពលរដ្ឋដោយមានការបើកដៃពីមន្ត្រីបរិស្ថានក្បាលដំរី ដែលមានស្នាក់ការនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប រាប់ឆ្នាំមកហើយ។
ប្រភពពីម្ចាស់រទេះបានអោយដឹងថា មុនពេលចូលទៅកាប់ឈើក្នុងព្រៃសហគមន៍បឹងពែរ ត្រូវទូស័ព្ទរាយការណ៍ ប្រាប់មន្រ្ដីបរិស្ថាន ទៅតាមវេនជាមុន បើចំវេនអ្នកណាត្រូវខលប្រាប់អ្នកនោះ បើមិនដូច្នោះទេ មិនអោយចូលកាប់ឈើ និងមិនអោយដឹកចេញនោះឡើយ។ ហើយនៅពេលកាប់ឈើរួច លើកដាក់លើរទេះ ត្រូវទូស័ព្ទប្រាប់ពីចំនួនរទេះដែលត្រូវដឹកចេញ ដោយគិតក្នុង១រទេះ ១៥ម៉ឺនរៀល ក្នុងតម្លៃអាចចចារបាន រួចហើយវេលុយតាមវីង។
ជាក់ស្ដែងកាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០២២ ម្ចាស់រទេះ បានប្រាប់អ្នកសារព័ត៌មានថាពួកគេបានរកស៊ីឈើជាង២០ឆ្នាំហើយ ប៉ុន្ដែចូលទៅកាប់ព្រៃសហគមន៍បឹងពែរ ទើបតែបាន២ឆ្នាំ និងបានវេលុយ អោយ លោក ទេព អាង មន្រ្ដីបរិស្ថាន ក្បាលដំរី ចំនួន ៦៩ម៉ឺនរៀលជាថ្នូរមិនបង្រ្កាបការដឹកឈើរបស់ពួកគេ។
មានការលើកឡើងបន្ថែមថា លោក ទេព អាង អាចជាអ្នករកសេដ្ឋកិច្ចអោយលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ទើបបានជាលោក ស៊ុន គង់ ព្យាយាមការពារ លោក ទេព អាង និងហៅអ្នកការសែត ប្រជាសហគមន៍ មកបំភ្លឺកាលពីរសៀលថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២២ នៅស្នាក់ការបរិស្ថានទួលខ្សាច់ ពាក់ព័ន្ធនិងចោទថា មន្រ្ដីបរិស្ថាន ឈ្មោះ ទេព អាង «ដើរយកលុយពីបទល្មើសដឹកឈើ»។
ក្នុងការបំភ្លឺនោះ អ្នកសារព័ត៏មាន បានលើកយកសម្ដីម្ចាស់រទេះគោ ព្រមទាំងរូបភាពថត សម្ភាស ន៍និងបង្ហាញ (ក្រដាសវីង) ដែលបានវេលុយតាមវីង អោយលោក ទេព អាង ៦៩ម៉ឺនរៀលតាមការតាមការទាមទា។
លោក ទេព អាង បានប្រាប់អ្នកសារព័ត៌មានដោយទទួលស្គាល់ថា ពិតជាបានពាក់ព័ន្ធក្នុងក្រុមរបស់លោក ហើយលោកធ្វើតាមតែមេល្បាតឈ្មោះ សែម អោយធ្វើតែប៉ុណ្ណោះ។ ប៉ុន្ដែររឿងក្រដាសវីង នោះជារឿងកាលពីមុន ចំណែករឿងដែលកើតថ្មីនេះ មិនបានទទួលលុយនោះទេ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានតាមទូស័ព្ទថា លោកស៉ើបមិនទាន់ដឹងច្បាស់នោះទេ បើសិនជាមានករណីនេះ យើងនិងបន្ដនិតិវិធីពិភាគ្សាតទៅទៀត។
ទោះជាយ៉ាងណាប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប មិនបានប្រាប់ពីចំណាត់ការ លើមន្រ្ដីបរិស្ថាន របស់លោក ដែលពាក់ព័ន្ធបទល្មើសព្រៃឈើឡើយ៕SRP

