ខេត្តកណ្ដាល៖មានការលើកឡើងថាមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ក្រោយពេលរឿងអាស្រូវរបស់ខ្លួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់គឺប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ម៉ឹង យូឡេង កំពុងព្យាយាមបិទបាំងអំពើរបស់ខ្លួន។ ប៉ុន្តេទោះជាយ៉ាងណាលោក ម៉ឹង យូឡេង មិនអាចបិទបាំងរឿងអាស្រូវរបស់ខ្លួនបានទេ ព្រោះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាសាធារណៈ រួចទៅហើយជុំវិញការ បើកដៃឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាច្រើនកន្លែងប្រព្រឹត្តរឿងភាពមិនប្រក្រតីពេញទំហឹង។
នៅក្នុងលិខិតរបស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល កាលពីថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2022 បានបញ្ជាក់អំពីការផ្លាស់ប្ដូរមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំនួន5។ ក្នុងនោះទី1-ស្ថានីយ៍ថ្លឹងរថយន្តកំពង់ភ្នំផ្លូវជាតិលេខ1, ទី2-ស្ថានីយ៍ក្រសាំងផ្លូវជាតិលេខ2,ទី3-ស្ថានីយ៍កំពង់ទួលផ្លូវជាតិលេខ3,ទី4-ស្ថានីយ៍អង្គស្នួលផ្លូវជាតិលេខ4 និងទី5-ស្ថានីយ៍ព្រែកស្ដី ផ្លូវជាតិលេខ21។ ការសម្រេចរបស់លោក ម៉ឹង យូឡេង ក្នុងការផ្លាស់ប្ដូរមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំនួន5កន្លែងបែបនេះបានកើតឡើងក្រោយពេលរឿងអាស្រូវរបស់លោក ម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
ប្រភពស្និទ្ធនឹងលោក ម៉ឹង យូឡេង បានបង្ហើបឲ្យដឹងថា ការផ្លាស់ប្ដូរមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង5កន្លែងគឺជាវិធីរបស់លោក ម៉ឹង យូឡេង ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួនតែប៉ុណ្ណោះ។ ដោយហេតុថាកន្លងមកបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ទេនោះ គឺក្រុមមន្រ្តីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង5កន្លែង មិនហ៊ានប្រព្រឹត្តយ៉ាងពេញបន្ទុកឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន មិនគួរទុកឲ្យលោក ម៉ឹង យូឡេង ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ព្រោះក្នុងតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ច្រើនឆ្នាំកន្លងទៅនេះលោក ម៉ឹង យូឡេង ល្បីល្បាញខ្លាំងរឿងភាពមិនប្រក្រតី៕SRP

