ឈ្មួញឈ្មោះខ្លាដឹកឈើខុសច្បាប់ ត្រូវបានបង្ក្រាបដោយមេព្រៃ

ខេត្តព្រះវិហារ៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង បានបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដែលជាឈ្មួញឈើដុះស្លែប្រចាំស្រុករវៀង។

ការបង្ក្រាបធ្វើឡើងនៅយប់មិញ ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២២ ចំណុចបុស្សសៀម ស្ថិតនៅក្នងភូមត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀងខេត្តព្រះវិហារ ខណៈដឹកលក់អោយដេប៉ូនានានៅក្នុងខេត្តកំពង់ធំ។

រថយន្តដែលបង្ក្រាបម៉ាកសាំយ៉ុង ពាក់ផ្លាកលេខបន្ទាយមានជយ័ 2A 4867 ជារបស់មេឈ្មួញឈ្មោះខ្លា ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុករវៀង ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា រថយន្តដឹកឈើនេះត្រូវបានបង្ក្រាបហើយ ហើយក៏មានអ្នកអន្តរាគមន៍ច្រើនដែរ សុំអោយដោះលែងរថយន្តដឹកឈើនេះ។ ការសុំអន្តរាគមន៍អោយដោះលែងរថយន្តដឹកបទល្មើសព្រៃឈើ បានធ្វើសមត្ថកិច្ចជំនាញអស់ទឹកចិត្តធ្វើការ ដោយសាមិនស្មើភាពចំពោះប្រជាពលរដ្ឋដឹកឈើគ្រាន់តែយកទៅប្រើប្រាស់ ត្រូវបានបញ្ជាអោយបង្ក្រាប។ ប៉ុន្តែទោះបីមានអន្តរាគមន៍យ៉ាងណាក៏ដោយ លោកធ្វើទៅតាមច្បាប់មិនអាចដោះលែងនោះឡើយ។

មន្ត្រីជំនាញថា វត្ថុតាងមានរថយន្តនឹងឈើត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ សូមជម្រាបថាសកម្មភាពដឹកឈើរបស់ឈ្មោះ ខ្លា កន្លងមកមិនត្រូវបានសមត្ថកិច្ចហ៊ានបង្ក្រាបនោះទេដោយសាមានលោកផ្កាយ១ម្នាក់កាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ៕SRP