សម្ដេចហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកើនឡើង ប្រមាណជា 5,6% សម្រាប់ឆ្នាំ២០២២នេះ

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក Joo Ok Lee ថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញ កាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការកើនឡើង ប្រមាណជា 5,6% សម្រាប់ឆ្នាំ២០២២ នេះ។

ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នា រស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូន លោក Joo Ok Lee នូវទស្សនៈរបស់សម្ដេច ពាក់ព័ន្ធទៅនឹងរូបមន្ត១បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ មានន័យថា ការវិនិយោគនៅប្រទេសមួយហើយ គប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយ នៅពេលដែលប្រទេសមួយជួបនូវវិបត្តិ ដូចជាបញ្ហាជំងឺកូវីដ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព , ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថល មិនត្រឹមតែមិនមានការប៉ះពាល់ ជាមួយនឹងការរីករាលដាលជំងឺកូវីដទេ ផ្ទុយទៅវិញវិស័យនេះបាននឹងកំពុងតែវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះនៅវិមានសន្តិភាព នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)។

ក្នុងជំនួបនេះ លោក Joo Ok Lee បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ។ លោកបានមានប្រសាសន៍ថា លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ ។ លោកបានបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។

លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយលោកនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

សម្ដេចហ៊ុន សែន បានយល់ស្របជាមួយ លោក Joo Ok Lee ដែលលើកឡើងថាប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត៕SRP