ខេត្តកំពង់ចាម៖អភិបាលខេត្តលោកអ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យក្រុមហ៊ុនទទួលការ ធ្វើការស្ថាបនាផ្លូវគមនាគមន៍ខាងលើឱ្យមានគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដោយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគណៈកម្មការថែទាំគម្រោង និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឲ្យផ្លូវខាងលើបានប្រើប្រាស់គង់វង្ស យូរអង្វែង។
លោកអ៊ុន ចាន់ដា ក៏បានថ្លែងថា សមិទ្ធផលដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន។
លោកថ្លែងបែបនេះក្នុងឱកាស អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅសង្កាត់សំបួរមាស និងពិនិត្យគម្រោងការងារស្ថាបនាកំណាត់ផ្លូវក្រុងលេខ៩២ ប្រភេទបេតុង ១ខ្សែ ស្ថិតនៅជាប់សាលាបឋមសិក្សា និងវិទ្យាល័យសំបួរមាស និង ១ខ្សែផ្សេងទៀត ស្ថិតនៅលើកំណាត់ផ្លូវក្រុងលេខ៥១ ចំណុចផ្សារព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងនោះលោកក៏បានសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ១ខ្សែ ផ្សេងទៀត ស្ថិតនៅក្នុងភូមិ មេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាមផងដែរ៕SRP

