ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស
សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) នៅព្រឹកមិញនេះ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេសមួយ ពីព្រោះកំណាត់ផ្លូវនេះ មានការពិបាកក្នុងការសាងសង់ ដោយត្រូវប្រើបច្ចេកទេស និងចាក់គ្រឹះខ្លាំង ដូច្នេះ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះជាបន្តទៀត។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា៕SRP

