ថ្ងៃនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធ ផ្លូវជាតិលេខ៣ ចាប់ចោមចៅ ដល់ក្រុងកំពត

0

ភ្នំពេញ៖នៅថ្ងៃទី០២ មីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត។

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។

កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕SRP