ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មេត្តាកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់ ត្រូវគោរពច្បាប់ចរាចរណ៍។ មិនត្រូវបើកបរដោយមានជាតិស្រវឹង បើកបរដោយមានការទទួលខុសត្រូវ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣នេះ ក៏អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោ ក៏បានស្នើអោយក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ សម្តេចតេជោ ក៏បានកោតសរសើរពីការរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣នេះ ដែលសម្តេចចាត់ទុកថានេះជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះ ក៏មានផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវផងដែរ តែរាជរដ្ឋាភិបាលបានធ្វើការដោះស្រាយផលប៉ះពាល់ទាំងអស់នោះ ហើយក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។ ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាកំពុងពង្រីកការវិនិយោគច្រើនមកភាគនិរតីនៃប្រទេសកម្ពុជា។
សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) នៅព្រឹកមិញនេះ៕SRP

