លោកស្រី​​ ស៊ី​ វណ្ណថា​៖ រាជរដ្ឋាភិបាល បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គមជាតិ​

ខេត្តកំពង់ចាម​៖លោកស្រី​​ ស៊ី​ វណ្ណថា​ សមាជិកា​ព្រឹទ្ធសភា​ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​មាន​ប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គមជាតិ។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ស្ត្រី​ទាំងអស់​ ត្រូវ​បន្តការ​ខិតខំ​ បំពេញ​តួនាទី​ភារកិច្ច​ របស់​ខ្លួន​ ក្នុង​ការ​បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព​ និងគ្រប់មធ្យោបាយនូវគោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេចនានា របស់រាជរដ្ឋាភិបាល​។

លោកស្រី​​ ស៊ី​ វណ្ណថា​ ក៏បានក្រេីនរំឮក​ដល់ប្រជាពលរដ្ឋ​ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​​បោះឆ្នោតរួច​ហេីយ​នោះ​ សូម​អញ្ជើញ​​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗគ្នា​ នាពេល​ខាងមុខនេះ។

លោកស្រី មានប្រសាសន៍យ៉ាងជាក់ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ស្ត្រី​ គ្រូបង្រៀន​ គ្រូពេទ្យ​ និង​សិស្សនិស្សិត​ នៅ​សាលាខេត្តកំពង់ចាម​ នៅថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

លោកស្រី​​ ស្រី​ គឹម​ឆយ​ សមាជិការដ្ឋសភា​ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គោលការណ៍​របស់​សមាគម​នារី​កម្ពុជា​ គឺធ្វើការ​ដេីម្បី​ជួយ​ដល់​ស្ត្រី​ ដេីម្បី​ឲ្យ​ស្ត្រី​របស់​យើង​ទទួល​បាន​ការ​យល់ដឹង​ និង​មានភាព​ក្លាហាន​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ ហើយ​លោកស្រី​​ក៏បាន​សំណូមពរ​សូម​ឲ្យ​បងប្អូន​ស្ត្រី​បន្តរួមគ្នា​ ដេីម្បីថែរក្សា​សុខសន្តិភាព​ និង​ខិតខំ​ថែទាំ​សុខភាព​ផងដែរ​​។ ​

លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​ និងជា​ប្រធាន​ប្រតិបត្តិ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ ក្នុង​នាម​យើង​ជា​ស្ត្រី​មុននឹង​ជួយ​ដល់​ប្រទេសជាតិ​​ គឺយើង​ត្រូវ​តែជួយ​ដល់​ខ្លួន​ឯង​ឲ្យ​បាន​សិន​ និង​ជួយ​ដល់​សហគមន៍​ឲ្យ​បានសិន​ ទេីប​យេីង​មាន​ឱកាស​ឈាន​ទៅ​ជួយ​ដល់​សង្គមជាតិ​ ឲ្យ​ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​ បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច​ និងសង្គមជាតិ​​នោះ។ លោកស្រី​​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ ជាពិសេស​ លោកអ៊ុន​ ចាន់ដា​ ដែលលោក​តែងតែ​គាំទ្រ​ឧបត្ថម្ភ​ ដល់​ក្រុម​ការងារ​ស្ត្រី​ទាំងអស់​គ្នា​ ព្រមទាំង​បាន​ផ្ដល់​នូវ​ដំបូន្មាន​ល្អៗ​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះ​ សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ បាន​ផ្តល់​ការ​ឧបត្តម្ភ​លេីកទឹកចិត្ត​ ដល់​បងប្អូន​ស្ត្រី​​ គ្រូបង្រៀន​ គ្រូពេទ្យ​ និង​សិស្សនិស្សិត​ ប្រមាណ​ជាង​២០០នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ ៣ម៉ឺនរៀលផងដែរ​៕SRP