សម្ដេច ស ខេង៖ ក្រុមប្រឆាំងជ្រុលនិយម បានខិតខំរកឧបាយកល ផ្ដួលរំលំរដ្ឋាភិបាល ក្នុងគោលបំណងដណ្ដើមអំណាច

ភ្នំពេញ៖សម្ដេច ស ខេង បានបង្ហាញការកត់សម្គាល់អំពីសភាពការណ៍ និងសមិទ្ធិផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះឆ្នាំ២០២១ ជាឆ្នាំដែលសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលឆាប់រហ័ស និងស្មុគស្មាញ ក្នុងនោះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ច និងសង្គមគ្រប់ប្រទេស ខណៈការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាកាន់តែមានភាពតានតឹង។

សម្ដេចបន្ថែមថា ស្របពេលទទួលរងសម្ពាធ ពីសភាពការណ៍សាកលនេះ នៅក្នុងប្រទេសកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុងនិងក្រៅប្រទេស បានបន្តខិតខំរិះរកឧបាយកល និងសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម ក្នុងគោលបំណងដណ្ដើមអំណាច ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចបានឱ្យដឹងថា ក្រសួងមហាផ្ទៃដែលស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារ បានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បរណភាពទឹកដី សន្តិសុខជាតិ ដោយបញ្ចៀស បានអំពើភេវរកម្ម និងបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបានសន្តិសុខផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។

សម្ដេចបន្ថែមថានៅក្នុងឆ្នាំ២០២១កន្លងទៅ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពាររែកពន្ធការងារជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ ទទួលរងផលប៉ះពាល់ ដោយកូវីដ-១៩ និងគ្រោះធម្មជាតិផងដែរ។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែង ពីកងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទថយចុះ ៦ភាគរយ ជាពិសេសបទល្មើសឧក្រិដ្ឋ ដែលជះឥទ្ធិពលដល់ចិត្តសាស្រ្តសង្គមក៏បានថយចុះ១៤ភាគរយ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាក៏មានកម្រិតខ្ពស់រហូតដល់៩៣ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េសុីដង់ សុខា ភ្នំពេញ៕SRP