ខេត្តកំពង់ចាម៖លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានស្នើដល់ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំងអស់ បន្តជួយធ្វេីការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរ និងឲ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងបញ្ឈប់នូវអំពើហិង្សា និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ ពីព្រោះថាការផ្សព្វផ្សាយតាមរយៈតួនាទីរបស់ព្រះសង្ឃ នៅតែមានប្រសិទ្ធភាព ដោយប្រជាពលរដ្ឋខ្មែរយើង គោរពព្រះសង្ឃ ថេរដីការបស់ព្រះសង្ឃនៅតែមានឥទ្ធិពលខ្លាំងទៅលើផ្នត់គំនិត និងជំនឿរបស់ប្រជាជនយើង។ ដូច្នេះសូមព្រះករុណាគ្រប់ព្រះអង្គ ចាត់ទុកថាការងារនេះជាការងាររបស់យើងទាំងអស់គ្នា និងដើម្បីយើងទាំងអស់គ្នាផងដែរ។
លោកស្នើបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសង្ឃ ប្រកាសអនុសំវច្ឆរៈមហាសន្និបាត លើកទី២៩ ដែលបានធ្វេីឡេីងនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកុម្ភ:
ម្សិលមិញ។
លោក កៅ សុខអាន បានលើកឡើងថា សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងបានរំឭកជាញឹកញាប់ ដល់ថ្នាក់ដឹកនាំសង្ឃ គ្រប់គណៈនិកាយ គ្រប់ជាន់ថ្នាក់ សូមឲ្យមានការរួបរួមសាមគ្គី ធ្វើជាគំរូល្អដល់ពុទ្ធសាសនិក សំដៅលើកកម្ពស់ការប្រតិបត្តិ ព្រះពុទ្ធសាសនា និងគុណតម្លៃផ្នែកសីលធម៌ វប្បធម៌របស់ជាតិយើង ឲ្យបានថ្កុំថ្កើង និងគង់វង់ស្ថិតថេរចីរកាល។ ចាប់ពីពេលនេះតទៅ គឺជាឱកាសដ៏ល្អសម្រាប់ ប្រជាជាតិកម្ពុជា យើង ធ្វើការរួបរួមគ្នាឲ្យបានជិតស្និទ្ធ ការពារសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលគំនុំ ការច្រណែនឈ្នានីស និងអំពើហិង្សា។ ដើម្បីសម្រេចទិសដៅនេះ វត្តអារាម ព្រះសង្ឃ មានភារកិច្ចសំខាន់ណាស់ ក្នុងការដើរតួនាទីជាស្នូល ខាងការប្រតិបត្តិជាគម្រូ និងធ្វើជាគ្រូក្នុងការផ្សព្វផ្សាយធម៌វិន័យ ព្រះពុទ្ធសាសនា និងជាមជ្ឈមណ្ឌលសាមគ្គីឯកភាពរបស់សង្គមជាតិ។
លោក ស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានសំណូមពរដល់ព្រះមេគណ និងព្រះមន្ត្រីសង្ឃគ្រប់ថ្នាក់ សូមបន្តដឹកនាំពិនិត្យការអនុវត្តសង្ឃប្រកាសដែលបានដាក់ចេញកន្លងមក ព្រោះនៅមានសុពលភាព និងមានប្រយោជន៍ដល់ការងារគ្រប់គ្រងវិស័យព្រះពុទ្ធសាសនា និងពង្រឹងការគ្រប់គ្រងការបំបួសកុលបុត្រ ឲ្យប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ ព្រមទាំងជំរុញការរៀបចំអាចារ្យ គណៈកម្មការតាមបណ្ដាវត្តអារាម ឲ្យស្របតាមគោលការណ៍ច្បាប់។ ជាពិសេសត្រូវពិនិត្យករណីរៃអង្គាសតាមបែបអនាធិបតេយ្យ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ចៀសនូវការរិះគន់ពីមជ្ឈដ្ឋានទូទៅផង និងចូលរួមទប់ស្កាត់ដល់ជនខិលខូចមួយចំនួន ដែលតែងតែយកព្រះពុទ្ធសាសនា មកប្រើប្រាស់ បម្រើឲ្យផលប្រយោជន៍បុគ្គល។ លេីសពីនោះមេត្តាបន្តជួយគាំទ្រដល់វិស័យមនុស្សធម៌ តាមរយៈវប្បធម៌ចែករំលែកផងដែរ៕SRP

