ចាប់ខ្លួនកសិករ៤នាក់ ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើ នៅសហគមន៍ចង្ក្រានរយ

ខេត្តសៀមរាប៖កសិករចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន ពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើ នៅតំបន់សហគមន៍ ចង្ក្រានរយ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភ: ម្សិលមិញ ស្ថិតក្នុងភូមិសាស្ត្រ ឃុំល្វាក្រាំង និងឃុំស្វាយស ស្រុកវ៉ារិន ដោយនគរបាលស្រុកវ៉ារិន សហការជាមួយ ប្រជាសហគមន៍ចង្រ្កានរយ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ខណ:
កម្លាំងសមត្ថកិច្ច ចម្រុះចុះល្បាតក្នុងព្រៃសហគមន៍លើខ្នងភ្នំ ក៏បានប្រទះឃើញពួកគេធ្វើសកម្មភាព កាត់ផ្តួលនិងអារជ្រៀកឈើដោយម៉ាស៊ីនរណាយន្ត២គ្រឿង ក៏ឃាត់ខ្លួនតែម្ដង។

សមត្ថកិច្ចដដែលបានបន្តថាមនុស្សទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួន៖ ទី១ឈ្មោះ អ៊ា​ អន​ ភេទប្រុសអាយុ​១៦ឆ្នាំ​ មមុខរបរកសិករ ភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ​ ខេត្តសៀមរាប​, ទី២ឈ្មោះ ធួន​ រដ្ឋា​ ភេទប្រុសអាយុ​១៨ឆ្នាំ​ មុខរបរកសិករ ភូមិ​ខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ​ ខេត្តសៀមរាប​, ទី៣.ឈ្មោះ ធិម​ គិង​ ភេទប្រុសអាយុ​៣៨ឆ្នាំ​ មមុខរបរកសិករ ភូមិ​ជប់តាត្រាវ ឃុំជប់តាត្រាវ ស្រុកអង្គរធំ​ ខេត្តសៀមរាប​ ទី៤ឈ្មោះ ខៀវ​ ខន​ ភេទប្រុសអាយុ​៣០ឆ្នាំ​មុខរបរកសិករ ភូមិ​ គោកកក់​ ឃុំស្វាយចេក ស្រុកអង្គរធំ​ ខេត្ត​សៀមរាប​។ ករណីនេះបានដកហូតវត្ថុតាងម៉ាស៊ីនរណាយន្ត២គ្រឿង ឧបករណ៍ និងឈើដែលអាជ្រៀកមួយចំនួនផងដែរ។

បច្ចុប្បន្ន មនុស្សទាំង៤នាក់រួមនិងវត្ថុតាង បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើ អនុវត្តន៍តាមផ្លូវ
ច្បាប់៕SRP