ខេត្តកំពង់ចាម៖ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ៍ នៃគម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលជាកម្ចីហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាម្ចាស់គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣២លានដុលា្លរ ដែលមានស្រុកចំនួនពីរទទួលផល រួមមាន៖ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៦ឃុំ ស្មើនឹង ២១ភូមិ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មាន ២ឃុំ ស្មើនឹង ៥ភូមិ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ នៅថ្ងៃទី១៩ ខែកុម្ភ: ម្សិលមិញ។
គួរបញ្ជាក់ថា៖ ទំហំការងារ នៃគម្រោងប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ រួមមាន ៖
-ប្រឡាយមេ ចំនួន ១២ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
-ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដេីរដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ៧គ្រឿង ចំនួន ១កន្លែង និងអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨.០០០ហិចតា និងរដូវប្រាំង ប្រមាណ ៨.០០០ហិកតា។
គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម កំពុងអនុវត្តនៅក្នុងភូមិសាស្រ្តឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណជា៧៥% ប៉ុណ្ណោះ៕SRP

