ខេត្តបាត់ដំបង៖សម្ដេច ស ខេង បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សដែលស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗនៅតាមមូលដ្ឋានខេត្តបាត់ដំបង សូមបន្តខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយ ភាពអសកម្មទាំងឡាយដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន ក្នុងនោះរាប់ទាំងការដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹក ជាប់បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែរ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ សម្ដេចបានណែនាំឱ្យផ្ដល់ព័ត៌មាន ជូនសម្ដេចអំពីបញ្ហានេះ ដើម្បីចូលរួមចំណែកជំរុញការដោះស្រាយ ទៅតាមយន្តការដែលអាចធ្វើទៅបាន។
សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។
សម្ដេចស ខេង ក៏បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងសមាជិក សមាជិការគណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលបានខិតខំជំរុញការបំពេញភារកិច្ចបំរើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភារកិច្ចសំខាន់ៗជាច្រើនទៀតជូនគណបក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្ដេចក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព និងយុត្តធម៌ផងដែរ៕SRP