ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តលោក ជាម ច័ន្ទសោភ័ណ បានស្នើដល់មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ ត្រូវរួមគ្នាអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឲ្យបានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍តំណែល បុព្វបុរស បានបន្សល់ទុក ឱ្យនៅលើទឹកដីប្រវត្តិសាស្រ្តនៃយើង។ តួយ៉ាងដូចជាទីតាំងកស្សិនទឹកបឹងប្រាក់ និងរមណីយដ្ឋានប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកននេះ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថា ខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយាណាស់មកហើយ និងអាចបង្កើតអោយមានជាការប្រណាំងទូក(ទូកត្នោត) សម្រាប់រដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យអុំទូក ដែលជាបុណ្យជាតិផងដែរ។
លោកបញ្ជាក់បែបនេះក្នុងឱកាសចុះពិនិត្យតំបន់បូជនីយដ្ឋាន ប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន និងនាំយកអំណោយសម្តេចតេជោ ចែកជូនពលរដ្ឋ ២០០គ្រួសារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ម្សិលមិញ។
ថ្លែងក្នុងពិធីសំណេះសំណាល ទៅកាន់លោកតាលោកយាយ ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តព្រៃអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់បងប្អូន ជាពិសេសតបតាមការអំពាវនាវ របស់សម្ដេចហ៊ុន សែន ដែលបានឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ក្នុងពេលមានការឆ្លងរាតត្បាត ជំងឺកូវីដ ដើម្បីរក្សាសុខុមាលភាពសង្គម និងសុខសុវត្ថិភាព នៅក្នុងសហគមន៏ផងដែរ៕SRP