ខេត្តបាត់ដំបង៖លោកសុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ដើម្បីមានការអន្តរាគមន៍ បង្រ្កាបបានទាន់ពេលវេលា និងជាពិសេសធ្វើការណែនាំដល់កូនចៅ ឲ្យយល់ឲ្យច្បាស់ អំពីបញ្ហាផលប៉ះពាល់ នានា ដែលបង្កឡើងដោយសារគ្រឿងញៀន ហើយបន្តអប់រំឲ្យយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានជាប់ជាប្រចាំ មិនត្រូវបើកបរពេលស្រវឹង ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរ សូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ។
លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់ សូមប្រញាប់ទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូរមីក្រុង កំពុងផ្ទុះឆ្លង និងអាចបន្តមកតាមបណ្តាខេត្ត បើមិនមានការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងបន្តគោរពតាមគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវនោះទេ បើសិនជាបានទទួលកការចាក់វ៉ាក់សាំងដល់ដូសជំរុញក៏ដោយ។
មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសលោក
និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត.ក្នុងស្រុកសង្កែ ចំនួន២២០គ្រួសារ មកពីភូមិចំនួន១៩នៃឃុំចំនួន៣នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ដោយក្តីនឹករឭក ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជា ពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៉ីវ ១យួរ ជែល១ដបផងដែរ៕SRP