ភ្នំពេញ៖សម្ដេច ស ខេង បានមានប្រសាសន៍បន្ដថា អ្នកចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងមានអ្នកចូលរួមជាង៣០០នាក់ ហើយអ្នកចូលរួមទាំងអស់ តម្រូវឱ្យធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯង។
សម្ដេចបានមានប្រសាសន៍បន្ថែមថា បើអ្នកចូលរួមមិនបានធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយខ្លួនឯងទេ ត្រូវធ្វើតេស្ដ នៅកន្លែងកម្មវិធីផ្ទាល់ ដើម្បីធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។
សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាត ត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកមិញនេះ។
សូមជម្រាបជូនផងដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី៕SRP