ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ចំពោះប្រើពាក្យសម្ដីរបស់លោក គឹម ហ៊ាង ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់អភិរក្សតំបន់អង្គរ លោក គឹម ហ៊ាងបានចេញលិខិតសូមទោសជាសាធារណៈ។
លិខិតសូមទោសរបស់លោក គឹម ហ៊ាង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបរាប់ថា ខ្លួនកើតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៨០ ។
លោកបានធ្វើជាវាគ្មិនម្នាក់ ក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។
លោករៀបរាប់បន្តថា ក្នុងបទបង្ហាញ និងការវិភាគរបស់ខ្លួនមានរយៈពេលជាង២ម៉ោង ដោយលោកបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប។
លោកទទួលស្គាល់កំហុសខ្លួនថា ការបកស្រាយរបស់លោកពិតជាមានការប៉ះពាល់ ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយដែលបានបង្កើតឡើងដោយអចេតនា ។
លិខិតបញ្ជាក់ថា “ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប”។
សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ១៧ កុម្ភៈនេះ បានចេញមកថ្កោលទោស និងណែនាំឲ្យលោក គឹម ហ៊ាង ជាអ្នកជំនាញខាងអចលនទ្រព្យ ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានទំនួលខុសត្រូវ។
ប្រតិកម្មពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌នេះធ្វើឡើងបន្ទាប់ពី លោកគឹម ហ៊ាង និយាយថា ចំណុចខ្សោយរបស់ខេត្តសៀមរាប គឺបណ្ដាលមកពីការកំណត់កម្ពស់នៃការសាងសង់សំណង់ និងការអភិរក្សវប្បធម៌ច្រើន៕SRP