ភ្នំពេញ៖កូនប្រុសទី២របស់នាយករដ្ឋមន្ត្រីហ៊ុន សែន លោកហ៊ុន ម៉ានី បានចេញសារប្រតិកម្មទៅនឹងសម្ដី របស់លោកគឹម ហ៊ាង ដែលបាននិយាយពាក់ព័ន្ធទៅនឹងការសាងសង់សំណង់មិនបានច្រើនជាន់នៅក្នុងខេត្តសៀមរាប។
តាមរយៈសារក្នុងផេកfacebookរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថា៖ សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អាជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។
លោកហ៊ុន ម៉ានី បានសរសេរបន្តថា៖ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសម្ដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។
ការប្រតិកម្ម របស់លោកហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីលោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀល អ៊ីស្ទេត KW Cambodia បានលើកឡើងនៅក្នុងឃ្លឹបវីដេអូថា ការកសាងសំណង់នៅក្នុងក្រុងសៀមរាប មិនបានច្រើនជាន់នោះទេ។ ដោយលោកគឹម ហ៊ាង ថា នេះជាចំណុចខ្សោយរបស់ខេត្តសៀមរាប៕SRP