ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកទឹកចិត្ត ឲ្យមានការជំរុញ ការវិនិយោគសិង្ហបុរី មកកម្ពុជាកាន់តែច្រើន ជំរុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើល លើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន។
នាយករដ្ឋមន្ត្រីខ្មែរ ក៏បានថ្លែងអំណរគុណជូនចំពោះ លោក វី វៀន និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីលោកនាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណជូនសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជា ជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានជម្រាបជូន លោកវី វៀន ដែរអំពី គោលបំណងរបស់នាយករដ្ឋមន្ត្រី ក្នុងការធ្វើដំណើរទៅប្រទេស មីយ៉ាន់ម៉ា ដែលរួមមានទី១) គឺធ្វើយ៉ាងណា កាត់បន្ថយឬលុបបំបាត់អំពើហិង្សា តាមរយៈការឈប់បាញ់គ្នា ,ទី២) រកវិធី ផ្ដល់ជំនួយមនុស្សធម៌ ជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា។
នាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភ: ម្សិលមិញ នាឱកាសជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី។
លោកវី វៀន បានថ្លែងអំណរសាទរជូនចំពោះនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក។
លោក វី វៀន ក៏បានសម្ដែងនូវអំណរសាទរជូន
កម្ពុជាដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ នៅក្នុងតំបន់ ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួន ហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ , នេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជា អាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័ស ហើយអ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ។ សិង្ហបុរី ក៏បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន៕SRP