ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាមហាកិត្តិយសបំផុត ដែលគណៈកម្មការផលិតខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” បានជ្រើសរើសយកខេត្តកំពង់ចាម សម្រាប់ធ្វេីការថតខ្សែភាពយន្តនេះមុនគេ។ សង្ឃឹមថារឿងនិទានបែបប្រវត្តិសាស្ត្រនេះ នឹងបានទស្សនានៅឆ្នាំក្រោយបន្ទាប់ពីក្រុមការងារផលិតរួច ហើយខ្សែភាពយន្តនេះនឹងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗ ឲ្យបានយល់ដឹងអំពីប្រវត្តិតស៊ូរបស់ប្រមុខ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកបានចំណាយពេលវេលាសឹងតែអស់មួយជីវិត ដេីម្បីស្វែងរកសន្តិភាពជូនដល់ ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យេីង។
លោក អ៊ុន ចាន់ដា មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀលថ្ងៃទី១៦ ខែកុម្ភ: ម្សិលមិញ ក្នុងឱកាសសួរសុខទុក្ខ ក្រុមការងារផលិតខ្សែភាពយន្ត និងបងប្អូនសិល្ប: តារាសម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី នៅវត្តកោះគល់ ស្ថិតក្នុងឃុំកោះរការ ស្រុកកំពង់សៀម ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន ៤០លានរៀលផងដែរ។
បើតាមលោក ហ៊ុយ វាសនា សហដឹកនាំរឿង បានឲ្យដឹងថា ក្នុងសាច់រឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ទាំង៥២ភាគ គឺខេត្តកំពង់ចាម គ្របដណ្ដប់៧០ទៅ៨០ភាគរយ ព្រោះមានសំណង់ផ្ទះបូរាណច្រើន ដែលត្រូវតាមសាច់រឿងបរិយាកាស នាសម័យកាលនោះ។ ដូច្នេះក្រុមការងារបានចាប់ផ្ដើមផ្តោតយកទីតាំង ក្នុងខេត្តកំពង់ចាម មុនគេ ក្នុងនោះមានស្រុកកំពង់សៀម កងមាស និងស្រុកកោះសូទិន ដោយមានតួសម្ដែងសំខាន់ៗ ជាច្រើននាក់ ក្នុងនោះក៏មានតួយុទ្ធជន និងតួប្រជាជន ដែលចាប់ផ្ដើមថតនៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ពោលគឺត្រូវថតរយ:ពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា អនុគណៈកម្មការ ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី”នេះ គឺមាន លោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿង ជាអនុប្រធាន និងមានទីប្រឹក្សាសមាជិក ចំនួន ១៣នាក់ផ្សេងទៀត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗ ចំនួន ១០៣នាក់ និងតួប្រជាជនយ៉ាងតិចមានចំនួន ៥០០ នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកម្សាន្តបុណ្យចូលឆ្នាំជាដើម។ ក្នុងនោះក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ៕SRP