ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គ្រោងនឹងនាំគ្នាឡើងមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ រឿងក្រុមហ៊ុន បុរីវីអាយភី (VIP) របស់លោក ហម រ៉ន និងលោក វន វណ្ណៈ មិនគោរពតាមកិច្ចសន្យា និងមិនព្រមសាងសង់ផ្ទះជូនពួកគាត់តាមកិច្ចសន្យា។
ការគ្រោងនាំគ្នាមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ បាននាំគ្នាធ្វើការតវ៉ានៅមុខក្រុមហ៊ុន បុរីវីអាយភី ស្ថិតនៅឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ មិនទទួលបានដំណោះស្រាយ។ ដោយការតវ៉ារបស់ពួកគាត់ គឺទាមទារឲ្យទាមទារឲ្យ លោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយ ដោយផ្ទាល់ជាមួយពួកគាត់ ពីព្រោះពួកគាត់បានបង់លុយ គ្រប់ចំនួនអស់ហើយ ប៉ុន្តែក្រុមហ៊ុនមិនព្រមសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ ដោយគេចវេសមិនព្រមចូលមកដោះស្រាយ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់បានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី អ្នកខ្លះបង់រំលោះ និងមួយចំនួនទៀតគេមានលុយបង់ផ្តាច់ ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយភាគីខាងក្រុមហ៊ុន។ ហើយរហូតមកដល់បច្ចុប្បន្ននេះជាង២ឆ្នាំហើយ ពួកគាត់ដែលបានទិញផ្ទះប្រមាណ ៩០ភាគរយ នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ។ ពីព្រោះនៅទីតាំងដីឃើញមានសសរបង្គោលបុកគ្រឹះក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ដើម និងកន្លែងខ្លះអត់ទាន់មានបុកគ្រឹះនៅឡើយទេ។
ដោយសារតែលែងមានជំនឿទុកចិត្តលើភាគីក្រុមហ៊ុន បុរីវីអាយភី ដែលតែងតែសន្យាខ្យល់មិនព្រមដោះស្រាយ ប្រជាពលរដ្ឋ បានស្នើសូមដល់អាជ្ញាធរពាក់ព័ន្ធ អភិបាលខេត្តព្រះសីហនុ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ដល់យុត្តិធម៌ និងការរកដំណោះស្រាយឲ្យពួកគាត់ផង ពីព្រោះពួកគាត់ភាគច្រើនខ្ចីលុយធនាគារយកមកទិញផ្ទះ ហើយមកដល់ពេលនេះ ផ្ទះក៏មិនបាននៅ លុយធនាគារក៏កាន់តតែច្រើន។
ករណីនេះ សៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) អត្ថាធិប្បាយបាននៅឡើយទេ៕SRP