ខេត្តសៀមរាប៖ករណីវិវាទរវាងក្រុមហ៊ុនកាយដីចំនួន២ ដណ្តើមកំណប់ដី នៅបឹងពារាំង ឈានដល់ផ្ទុះហិង្សាបង្ករបួសស្នាម រហូតអាជ្ញាធរចុះបិទអាជីវកម្ម ពេលនេះ បើកឲ្យដំណើរការវិញហើយ។
ប្រការដែលផ្ទុះរឿង ប៉ុនប៉ងមនុស្សឃាត ផ្អើលមនុស្សម្នារ ស្ទើទូទាំងខេត្តសៀមរាប ហើយអាជ្ញាធរចុះបិទ អាជីវកម្មមិនទាន់បានមួយដង្ហើមចង្រិតផង ក៏បើកឲ្យដំណើរការវិញបែបនេះ គេសង្ស័យថា អាចចរចារពីផលប្រយោជន៍ត្រូវគ្នាវិញ។
មន្ត្រីតំណាងសាលាក្រុងសៀមរាប លោកហាយ យង់ ដែលដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទ និងបើកដំណើរការកាយដីក្នុងបឹងពារាំង នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២២នេះ បានថ្លែងថា រឿងបង្ករបួសស្នាម ដែលជាបទល្មើសព្រហ្មទណ្ឌ កំពុងស្ថិតក្នុងដៃសមត្ថកិច្ច។ ឯរឿងកាយស្តារបឹងពារាំង គឺបើកអោយដំណើរការវិញហើយកាលពីថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះ។
លោកលោកហាយ យង់ បន្តថា ក្នុងការបើកវិញនេះអាជ្ញាធរតម្រូវអោយ អនុវត្តតាមលក្ខ័ណ្ឌចំនួន៣៖ ទី១.ក្រុមហ៊ុនកាយដីទាំងពីរត្រូវសហការជាមួយសហគមន៍ទាំងពីរ (សហគមន៍ទេសចរណ៍បឹងពារាំង.សហគមន៍នេសាទចុងឃ្នៀស) ទី២.ស្រោចទឹកនិងជួសជុលផ្លូវរួមគ្នាជាប្រចាំ.និងទី៣ អនុវត្តត្រឹមតែតាមគម្រោងប្លង់ប៉ុណ្ណោះ ក្នុងករណីបំពាននឹងត្រូវដកហូតអាជ្ញាប័ណ្ណចោលតែម្ដង។ក្រៅពី៣ចំណុចខាងលើ លោកហាយ យង់ ក៏បានបន្ថែមថា ក្នុងគម្រោងគឺមានចាក់ដីរៀបចំសម្អាតមាត់បឹង និងចាក់ដីបង្កើតជាកោះនៅក្នុងបឹងពារាំងទៀតផង។ ចំណែកអាចម៍ដីដែលត្រូវដឹកចេញទៅចាក់លើទីតាំងផ្សេង គឺគ្រាន់តែមួយចំណែកក្នុងការដោះដូរជា មួយប្រេងសម្រាប់ប្រើប្រាស់គ្រឿងចក្រប៉ុណ្ណោះ។
ទោះជាមានការអះអាងបែបនេះ ប៉ុន្តែមន្ត្រីសហគមន៍មួយរូប ដែលប្រចាំការនៅតំបន់បឹងពារាំង និយាយថា ក្រុមហ៊ុនកាយដីទាំងពីរខាងលើ មិនទាន់បានអនុវត្តតាមលក្ខ័ណ្ឌរបស់អាជ្ញាធរនៅឡើយទេ។ សោភ័ណភាពមាត់បឹង មិនទាន់មានចាក់ដីសូម្បី១ឡាន ឯកោះក្នុងបឹងដែលត្រូវបង្កើតនោះ ក៏មិនទាន់ឃើញមានចាក់ដី ១ឡានផង។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងពីរខាងលើ ដណ្តើមគ្នាសម្រុកដឹកដីចេញយកទៅលក់តាមទីផ្សារសាធារណ: បង្កការខូចផ្លូវ បង្កការហុយបោកបក់ ប៉ះពាល់សុខមាលភាពរបស់ប្រជាពលរដ្ខ ជាប្រចាំ។
មានការលើកឡើងថាព្រោះតែផលប្រយោជន៍ទាំងនេះ តំបន់ទេសចរណ៍ បឹងពារាំង ក៏បានក្លាយជាទីលានប្រយុទ្ធគ្នាដ៏សាហាវ ដោយថៅកែរណ្តៅដីឈ្មោះ សាន្ត រដ្ឋស៊ីង វាយទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសឈ្មោះ ហាប់ ដា ចំនួន២ដៃ បណ្តាលអោយរងរបួស រហូតមានការប្តឹង ផ្តល់ក្នុងបទប៉ុនប៉ង
មនុស្សឃាតទៀតផង។
សូមបញ្ជាក់ថា បឹងពារាំង ជាបឹងធម្មជាតិដ៏ធំមួយស្ថិតនៅផ្នែកខាងត្បូង នៃសង្កាត់ជ្រាវ មានផ្ទៃទឹកជាប់បឹងទន្លេសាបនា រដូវវស្សា។ បឹងធម្មជាតិមួយនេះ ជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់ក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញាត្តអោយមានការកាយស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង ។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនកាយដីទាំងពីរខាងលើ មិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកដី កាលពីថ្ងៃទី ៣ខែកុម្ភ:ឆ្នាំ២០២២។ តែទំនងជាមាន ការចរចារបែងចែកអំពីផលប្រយោជន៍ត្រូវគ្នាវិញ ទើប នៅថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២២ ក៏មានការបើកអោយកាយនិងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រេងដូចមុនៗ៕SRP

