លោក​ ហ៊ុន​ ម៉ានិត​៖ ការ​ស្ថាបនា​ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​នេះ​ ​សំខាន់​ខ្លាំងណាស់​ ​សម្រាប់ប្រជាពលរដ្ឋ​

ខេត្តកំពង់ចាម៖លោក​ ហ៊ុន​ ម៉ានិត​ បានមានប្រសាសន៍ថា​ ការ​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​មួយ​ខ្សែ​ តភ្ជាប់​ពីភូមិ​តាអុង ឃុំ​តាអុង​ ឆ្ពោះទៅ​ភូមិជយោ ឃុំជយោ​ នេះ​ ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ សម្រាប់ប្រជាពលរដ្ឋ​ ដែល​​ងាយស្រួល​ទាំងការ​ធ្វើ​ដំណើរ​ និងកាត់​បន្ថយ​ពេលវេលា​ទៀត​ផង​។

លោក​ ហ៊ុន​ ម៉ានិត បាន​បន្ត​ថា​ ក្នុង​រយៈពេល​៤ខែ​ទៀត​ ផ្លូវ​មួយ​ខ្សែ​នេះ​ នឹង​ស្ថាបនា​រួចរាល់​ជាស្ថាពរហេីយ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ទាំងអស់​ ត្រូវ​បេីកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​ និង​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ​។

លោក​ ហ៊ុន​ ម៉ានិត​ នាយករងខទ្ទកាល័យ​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏បែបនេះ ក្នុងឱកាសបេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវក្រាលកៅស៊ូ​ មួយ​ខ្សែ​ប្រវែង​ ១៦.៨ គីឡូម៉ែត្រ​ តភ្ជាប់ពី​ផ្លូវ​ជាតិលេខ៧១ ភូមិ​តាអុង ឃុំ​តាអុង​ ឆ្ពោះទៅផ្លូវលេខ ៧១C ស្ថិតនៅក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹក​មិញនេះ។

​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ក្នុង​ឆ្នាំ​២០២២នេះ​ ស្រុកចំការលើ​ បាន​ទទួល​សមិទ្ធផល​ថ្មី​ៗ​ ជាបន្តបន្ទាប់​ ជាក់ស្ដែង​ការ​កសាង​សំណង់​​មន្ទីរ​បក្ស​ស្រុក​ ដែល​ប្រជាពលរដ្ឋ​អាច​យក​ទីតាំង​នោះ​សម្រាប់​ប្រារព្ធ​​ពិធី​រៀបមង្គលការ​ ឬ​ពិធី​បុណ្យ​ផ្សេងៗ​ក៏បាន​ ​និង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​នេះ​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ ទាំង​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​នូវ​កសិផល​ផ្សេងៗ​យកទៅ​លក់​នៅ​ទី​ផ្សារ​​ ផងដែរ​។

អភិបាលខេត្ត​​ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ ខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​ ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ប្រភេទ​អូមីក្រុង​ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ ព្រមជាមួយ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ ផងដែរ​៕SRP