ពលរដ្ឋ នៅក្នុង​សង្កាត់​បឹងកុក​ សប្បាយចិត្តរីករាយ ដោយអាជ្ញាធរ ស្ថាបនា​ផ្លូវ​បេតុង​

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ មានការ សប្បាយចិត្តរីករាយ ដោយបានអាជ្ញាធ្វើការ​អភិវឌ្ឍន៍​ ជា​បន្តបន្ទាប់​ ​ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការ​ធ្វើដំណើរ​​ ដល់ពួកគាត់។

សូមជម្រាបថានៅសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ម្សិលមិញ លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បានចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ សរុប​ប្រវែង​ ១៦៥០ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ ១៥២៩​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​បឹងកុក​២​ និង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​។

ក្នុងឱកាសចុះពិនិត្យ លោក​ អ៊ុន​ ចាន់ដា​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ និង​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បការ​អភិវឌ្ឍន៍​។

មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវបេតុងអាមេ​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​នេះ គឺ​នៅក្នុង​ភូមិ​បឹងកុក​២​ មាន​ចំនួន​៨ខ្សែ​ សរុប​ប្រវែងជាង​ ១៤០០ម៉ែត្រ​ និង​នៅ​ភូមិ​ឡឥដ្ឋ​ ត្រង់​ចំណុច​ផ្សារ​ថ្មគោល​ មាន​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៧ម៉ែត្រ​​ ក្នុង​នោះ​ស្ថាបនា លូរំដោះទឹក​ភ្លៀង​ ប្រវែង ១៥២៩​ ម៉ែត្រ​ ដែល​ជា​គម្រោង​ថវិកា​ ឆ្នាំ​២០២២​ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ព្រមទាំង​មានការ​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាប់​ពី​ ចំណុច​សង្កាត់​កំពង់ចាម​ ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​បឹងកុក​ ដែលមាមចំនួន​ ៤៤បង្គោល​ ផងដែរ​។

មន្ត្រីបច្ចេកទេសដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យរាល់ពេល មានជំនន់ទឹកភ្លៀងក្នុងភូមិ មួយចំនួននៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រដោះស្រាយ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍស្ថាបនាផ្លូវបេតុងអាមេ និងស្ថាបនាលូរំដោះទឹកដើម្បី បញ្ចៀសការជន់លិច មិនឲ្យលិចដូចឆ្នាំមុនៗទៀត​នោះទេ៕SRP