ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្ដេជ្ញាថា នឹងអភិវឌ្ឍន៍កំពង់ផែចុងឃ្នៀស ឲ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ វប្បធម៌មានភាពទាក់ទាញបំផុត។
លោកទៀ សីហា បានថ្លែងប្រាប់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ទ ទាំងអស់ដោយត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួល ដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរ នៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារ ហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួងផងដែរ។
លោក ទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃ១០កុម្ភ: ម្សិលមិញ ក្នុងឱកាសបន្តចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត។
សូមជម្រាបថា ចំពោះការអនុវត្តន៍តាមការណែនាំរបស់សម្តេចហ៊ុន សែន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោល នូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគមទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋផងដែរ។ ដោយឡែកយន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែចុងឃ្នៀស នេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រង អនាម័យបរិស្ថាន ការគ្រប់គ្រងមបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការ របស់គណៈកម្មការចម្រុះ ដែលមានអភិបាលខេត្តជាប្រធានផងដែរ៕SRP

