មេទ័ពជើងគោក ស្នើសុំបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ”

ខេត្តត្បូងឃ្មុំ៖អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត បានថ្លែងស្នើសុំបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣-ទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាខ្សែក្រវ៉ាត់ ការពារទី១ ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

លោកថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថាការកសាងសារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រនានា គឺមានសារៈសំខាន់ណាស់ សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយរំលឹកនូវអតីតកាល និងធ្វើការសិក្សាស្វែងយល់ ដើម្បីអភិវឌ្ឍខ្លួន បន្ទាប់ពីសង្គមមួយបានឆ្លងកាត់ ទាំងក្នុងសម័យកាលសង្រ្គាមប្រកបដោយទុក្ខសោក និរាស្ត្រព្រាត់ប្រាស និងសម័យកាលរុងរឿងប្រកបដោយភាពសុខុដុមរម្យនា ជាពិសេសដូចពេលបច្ចុប្បន្នក្រោមម្លប់នៃសុខសន្តិភាព។ 

លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថាជាក់ស្តែង ទីអារាមវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោងនេះ កសាងឡើងនៅឆ្នាំ១៩១០ បានឆ្លងកាត់នូវសម័យសង្រ្គាម ក្នុងនោះទីធ្លាអារាមទាំងមូលបានក្លាយទៅជាទីលានកប់សព ហើយហេដ្ឋារចនាសម្ព័ន្ធ ស្ទើតែទាំងស្រុង.ត្រូវបំផ្លាញ ព្រះវិហារ ត្រូវបានយកទៅធ្វើជាឃ្លាំងដាក់លាមកសម្រាប់ធ្វើជី និងជាកន្លែងចិញ្ចឹមសត្វផ្សេងៗ។ ប៉ុន្តែ ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុន កម្ពុជាបានប្រែមុខមាត់ថ្មីលើគ្រប់វិស័យ រួមមានជាអាទិ៍ ការគោរពប្រតិបត្តិជំនឿសាសនា ត្រូវបានបើកទូលាយ ពលរដ្ឋមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាព បានខ្ពង់ខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានារីកដុះដាលដូចផ្សិត ហើយកម្ពុជា ជាប្រទេសអធិបតេយ្យ និងសើ្មមុខស្មើមាត់ដូចប្រទេសនានាលើពិភពលោក។

លោកបន្តថាក្រៅពីនេះ ក្នុងបរិបទកូវីដ ពិធីសម្ពោធនៅថ្ងៃនេះ អាចប្រព្រឹត្តទៅបាន គឺដោយសារស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើងមានភាពធូរស្រាល ដែលការណ៍នេះមិនមែនជារឿងចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយ ការទទួលខុសត្រូវ តាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យ សម្រេចអារកាត់រហ័ស ទាន់ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការព្យាបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ លើសពីនេះទៀត ក៏ដោយសារការរួមដៃគ្នា ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងប្រទេស ក្នុងសកម្មភាពប្រយុទ្ធ នឹងជំងឺដ៏កាចសាហាវនេះ ដោយធ្វើការស្រុះគ្នា មិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃ ព្រមទាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារទៀត៕SRP