អភិបាលខេត្តសៀមរាប៖ ជនភេទទី៣មួយចំនួន បានក្លាយជាមន្ត្រីរាជការ និងបម្រើការងារតាមវិស័យឯកជន

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបបានអះអាងថា៖ ជនភេទទី៣មួយចំនួន បានក្លាយជាមន្ត្រីរាជការ និងមួយចំនួនទៀតបម្រើការងារតាមវិស័យនៃផ្នែកឯកជនផងដែរ។

លោកបានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត បានខិតខំលើកកម្ពស់សិទ្ធសេរីភាព ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ដោយមិនប្រកាន់ភេទនោះឡើយ។

លោកថាទោះជាយ៉ាងនេះក្តី ការចំអកពេបជ្រាយពីមជ្ឈដ្ឋានមួយចំនួន នៅតែមាន តែនៅពេលខាងមុខយើងជឿជាក់ថា នឹងមានច្បាប់ ដើម្បីព្រមាន ឬពិន័យទៅលើជនណា ដែលប្រមាថមើលងាយដល់ភេទទី៣។

លោក ទៀ សីហា ក៏បានបង្ហាញការសាទរចំពោះការបញ្ចប់គម្រោងការបន្តជួសជុល និងអភិរក្សប្រាសាទភ្នំបាខែង ដែលកន្លងមកអាជ្ញាធរជាតិអប្សរា ជាភាគីទទួលអនុវត្តន៍គម្រោង ដោយឡែករដ្ឋបាលខេត្ត ជាធាតុចូលបំពេញបន្ថែម នូវហេដ្ឋរចនាសម្ព័ន្ឋសំខាន់ៗមួយចំនួន តភ្ជាប់ទៅកាន់តំបន់អង្គរផងដែរ។

អភិបាលខេត្ត ក៏បានលើកឡើងពីការបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្រាប់ខេត្តសៀមរាប នឹងជួយលើកមុខមាត់ដល់ខេត្តទេសចរណ៍ ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញអ្នកទេសចរ ក៏ដូចជាអ្នកវិនិយោគ នានាផងដែរ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប។

នៅក្នុងជំនួបនោះដែរ លោក Patrick Murphy ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ដូចជាផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដល់ការអប់រំរបស់កុមារ ដែលសិក្សាតាមប្រព័ន្ធអនឡាញ ការរើសអើងដល់មនុស្សភេទទី៣ ពីមជ្ឈដ្ឋានខាងក្រៅ និងក្រុមគ្រួសារ និងបញ្ហាជម្លោះដីធ្លីជាដើម។

បើតាមអភិបាលខេត្តសៀមរាប លោក ទៀ សីហា ថា ចំពោះបញ្ហាទំនាស់ដីធ្លី នៅខេត្តសៀមរាប កើតមានឡើងជាង១០ឆ្នាំមកហើយ ដែលកន្លងមកនេះ អាជ្ញាធរខេត្តបានចុះដោះស្រាយ និងសម្របសម្រួលបញ្ហានេះបានជាច្រើនករណី។ ប៉ុន្តែចំពោះវិវាទ ឬជម្លោះដីធ្លី ដែលមានបង្កប់នូវនិន្នាការនយោបាយ គឺជាបញ្ហាប្រឈមធំ ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយ៕SRP