លោកសុខ ប្រសិទ្ធិ៖ កម្ពុជាកំពុងគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ

0

ភ្នំពេញ៖លោកសុខ ប្រសិទ្ធិ បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទង នឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។ 

 

លោកសុខ ប្រសិទ្ធិ បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្ត្រីខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលបណ្តុះបណ្តាលផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ដើម្បីអាចធានា បានការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់ជាធរមាន។ ក្រសួងបានបានបង្កើតគណៈកម្មការនីតិកម្ម និងក្រុមមេធាវីប្រចាំ ក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការ អនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន។ 

លោកបានគាំទ្រចំពោះរបាយការណ៍ របស់អង្គការ និងបានផ្តល់មតិណែនាំបន្ថែម សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំគម្រោង បណ្តុះបណ្តាល អំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀត ឱ្យមាន សង្គតិភាព និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមលើកស្ទួយ សមត្ថភាពរបស់ អ្នកសារព័ត៌មាន ក៏ដូចជាការពារសិទ្ធិសេរីភាព ដែលកំណត់ដោយច្បាប់ធរមាន។

លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីពិភាក្សាលើគម្រោងបណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ព្រឹកមិញនេះ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង។     

បើតាមលោក ស៊ឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានលើកឡើងថាអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់ដល់ជនក្រីក្រនៅប្រទេសកម្ពុជា លើសេវាកម្មច្បាប់។ កន្លងមកអង្គការបានជួយសេវាកម្មច្បាប់ដល់ស្ត្រី កុមារ  និងអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានចាប់ផ្តើមគម្រោងនៅឆ្នាំ២០១៩ ហើយនឹងបញ្ចប់ដំណាក់ កាលទី១ នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សកម្មភាពគោលមួយចំនួន ដែលអង្គការបានអនុវត្តទាក់ទង នឹងសេវាកម្ម ផ្នែកច្បាប់រួមមាន ការរៀបចំសិក្ខាសាលាដល់អ្នកសារព័ត៌មាន ប្រជុំជាមួយ អង្គភាពពាក់ព័ន្ធនៅតាមបណ្តាខេត្ត និងការពារក្តី ពិគ្រោះយោបល់ដល់អ្នកសារ ព័ត៌មាន។ អង្គការបានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទ ដ្ឋានគតិយុត្ត។ 

លោកប្រធានគម្រោង បានសំណូមពរដល់ ក្រសួងព័ត៌មាន ក្នុងការអនុញ្ញាតដល់អង្គការដើម្បីអាចចូលរួមក្នុងកម្មវិធីនានា ទាក់ទង នឹងអ្នកសារព័ត៌មាន និងស្នើសុំកិច្ចសម្របសម្រួល និងសហការអនុវត្តគម្រោង របស់អង្គការនៅតាមបណ្តាខេត្ត ជាមួយនឹងមន្ទីរព័ត៌មាន។

 អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គភាពដែលបំពេញតួនាទីក្នុងការ ផ្តល់ប្រឹក្សា និងជំនួយផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន ហើយតាមរយៈលិខិត ស្នើសុំមកក្រសួងព័ត៌មាន ដើម្បីស្នើសុំកិច្ចសម្របសម្រួលលើការអនុវត្តគម្រោង បណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់ អ្នកសារព័ត៌មាន និងអនុវត្តតាម គោលការណ៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន៕SRP