អភិបាលខេត្តកំពង់ចាម​៖ ជីវភាពរស់នៅ របស់ពលរដ្ឋ​ ត្រូវបានលើកកម្ពស់ជាបណ្តើរៗ

0

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​ ត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​ទឹកស្អាតជាដេីម​។ លោកបន្តថា ខេត្តកំពង់ចាម​ មានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់​ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើនទៀត​។

លោកប្រសាសន៍យ៉ាងដូច្នេះ ក្នុង​អង្គសិក្ខាសាលា ផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

អភិបាលខេត្ត​ បាន​លើក​ឡើងទៀត​ថា​ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម បានទទួលជ័យលាភី​ចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ទូទាំងប្រទេសចំនួន ៥ឆ្នាំជាប់គ្នា។ លោកថា លទ្ធផលនេះ គឺពិតជាសបញ្ជាក់ថាកងកម្លាំងទាំងអស់ ពិតជាបានប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ចេញអស់ថាមពល ពុះពារគ្រប់ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្ត និងប្រតិបត្តិ តាមបទបញ្ជាដោយភាពម៉ឺងម៉ាត់ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្ហាញ នូវការប្ដេជ្ញាចិត្តខ្ពស់ ប្ដូរផ្ដាច់ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ មិនអនុញ្ញតឲ្យពួកក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខ ក្នុងខេត្តកំពង់ចាមជាដាច់ខាត។

ក្នុងអង្គសិក្ខាសាលានេះដែរ​ លោក​ ឈួន​ ចាន់​ថន​ អនុប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម​ បាន​ធ្វើ​បទបង្ហាញ​ ដើម្បីបញ្ជ្រាបចំណេះដឹង ជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ ឲ្យបានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់​ សកម្មភាពនានាពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភេរវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូលនៃសកម្មភាព ឬក្រុមភេរវកម្មនានាចំពោះប្រទេសកម្ពុជា។

លោក​ ឈួន​ ចាន់​ថន​ បាន​បញ្ជាក់​ថា​ គោលបំណងនៃសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម​ សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ​ និង​ផែនការឆ្លើយតប របស់អន្តរជាតិក្រសួង/ស្ថាប័ន​៕SRP