ខេត្តព្រះសីហនុ៖យោងតាមការស៊ើបអង្កេត លើករណីផ្ទុះគ្រាប់ និងបណ្តាលឲ្យឆេះត្រាក់ទ័រមួយគ្រឿងកំពុងធ្វើការភ្ជួរដី ព្រមទាំងបណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររងរបួសធ្ងន់ កាលពីពេលកន្លងទៅ គឺជាការផ្ទុះគ្រាប់មីនតោន ប្រភេទTM-46 ។
អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) លើកឡងថា៖ កន្លងមក មានមតិខ្លះលើកឡើងថា ជាតំបន់ភ្នំសោះ វាមិនសមមានគ្រាប់មីនតោនទេ? នេះជាការសន្និដ្ឋានមិនត្រឹមត្រូវ ព្រោះថា ករណីសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ វាជាមរតកសង្គ្រាម ហេីយគ្រាប់មីនតោនអាចជាសំណល់ពីសង្គ្រាម។
អង្គភាពនេះមានបញ្ជាក់បន្ថែមទៀតថា៖ ហេតុដូច្នេះ គ្រាប់មីននេះអាចកប់តាំងពីសម័យសង្គ្រាម រវាងកងទ័ពខែ្មរក្រហម និងទាហានសាធារណរដ្នខ្មែរ។ អ្វីដែលជាភស្តុតាង គឺតំបន់នេះជាអតីតបន្ទាយទាហានលន់ ណុល មានចំនួនដល់ទីបីទីតាំង។ ចំពោះស្ថានភាពដីនៃទីកន្លែងផ្ទុះ គឺជាដីស្រែដែលបានភ្ជួរដោយនង្គ័លផាល ៧ ចំនួន ៦លេីករួចមកហើយ ហេីយលេីកនេះ កសិករបានប្តូរទៅប្រើនង្គ័លផាល៣ដើម ដើម្បីភ្ជួរ មានជំរៅជ្រៅ ទើបដល់ជម្រៅមីនដែលបក់ក្នុងដី បណ្តាលឲ្យផ្ទុះតែម្តង។
គួរបញ្ជាក់ផងដែរថា៖ ករណីផ្ទុះសំណល់យុទ្ធភណ្ឌពីសង្រ្គាម បណ្តាលឲ្យ បុរសម្នាក់ដែលបើកត្រាក់ទ័រភ្ជួរដីម្នាក់រងរបួសធ្ងន់ និងត្រាក់ទ័រមួយគ្រឿងឆេះខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ ២០២២ កន្លងទៅ នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នករងរបួសមានឈ្មោះគឹម ហុីម អាយុប្រមាណជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅគ្លីនិចសេតេ ខេត្តព្រះសីហនុ។
ទោះជាយ៉ាងណាបន្ទាប់កើតមានហេតុការណ៍នេះឡើង អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) បានដាក់ផែនការបញ្ជូនកម្លាំងទៅបោសសំអាត រំដោះផ្ទៃដីចម្ការមីននៅ ខេត្តព្រះសីហនុ ឲ្យអស់ នៅក្នុងឆ្នាំ២០២២ នេះ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលគ្មានការភ័យខ្លាច ដោយសារគ្រាប់មីនបន្តទៅទៀតឡើយ ព្រោះថាខេត្តនេះជាខេត្តប៉ូលសេដ្ឋកិច្ចកម្ពុជាមួយផងដែរ៕SRP

